ព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានស្នើសុំកាត់ទោសលោកស្រី Kim Keon Hee អតីតស្ត្រីទីមួយ ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ពាន់លានវ៉ុន (១.៣៦ លានដុល្លារ) ពីបទសូកប៉ាន់ និងបទចោទប្រកាន់ផ្សេងៗទៀត។

ករណីនេះកើតឡើងក្នុងអំឡុងពេលនៃការស៊ើបអង្កេតរយៈពេលមួយឆ្នាំ ទៅលើការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កាលពីឆ្នាំ ២០២៤ និងរឿងអាស្រូវពាក់ព័ន្ធដែលទាក់ទងនឹងគូស្នេហ៍ដែលធ្លាប់មានអំណាច។
នៅក្នុងសវនាការដែលបានធ្វើឡើងនៅខួបលើកទីមួយនៃការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ព្រះរាជអាជ្ញាបានថ្លែងអំណះអំណាងចុងក្រោយរបស់ពួកគេ លើការចោទប្រកាន់របស់លោកស្រី Kim រួមទាំងការរៀបចំភាគហ៊ុន ការរំលោភច្បាប់រៃអង្គាសថវិកានយោបាយដោយស្នើសុំឲ្យឈ្មួញកណ្តាលអំណាចធ្វើការស្ទង់មតិដោយសេរី ក៏ដូចជាការទទួលយកសំណូកពីព្រះវិហារ Unification Church។
កន្លងមក ភរិយាលោក Yoon ក៏ធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសុំការអភ័យទោសពីសាធារណជនដែរថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំខុស ប៉ុន្តែខ្ញុំជឿថា វាជាការពិតដែលខ្ញុំបានធ្វើខុសបើប្រៀបធៀបទៅនឹងតំណែង និងគុណវុឌ្ឍិដែលខ្ញុំកាន់។ ខ្ញុំសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រ ចំពោះការបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សាធារណជនគ្របរូប»។
ដោយឡែក តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល គ្រោងនឹងប្រកាសសាលក្រមរបស់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
