ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់លោកអភិបាលស្រុកទ្រាំងថ្មី ដែលទើបចូលកាន់តំណែង កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលស្រុកទ្រាំងថ្មីនេះ លោកអភិបាលខេត្តបានណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលា។

លោកអភិបាលខេត្តបានបញ្ជាក់ថា៖ “រាល់សំណើ ឬតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយរាល់ការផ្តល់សេវាទាំងអស់ត្រូវតែត្រឹមត្រូវតាមច្បាប់ នីតិវិធី និងលក្ខខណ្ឌតម្រូវ។”

លោកក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម។

គោលដៅចុងក្រោយគឺដើម្បីធានាថា រដ្ឋបាលស្រុកដឹកដោយអ្នកថ្មីនេះនឹងក្លាយជាអង្គភាពមួយដែលផ្តល់សេវាល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ ដែលនឹងនាំឱ្យមូលដ្ឋានមានសន្តិសុខ និងបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរ។

ការអភិវឌ្ឍស្រុកទ្រាំងឱ្យកាន់តែរីកចម្រើនទ្វេឡើងក៏ជាការទទួលបន្ទុកសំខាន់មួយដែលលោកអភិបាលខេត្តបានផ្តល់ជាការណែនាំដល់អភិបាលស្រុកថ្មីនេះផងដែរ។

ដោយ៖ តារា
