នគរបាលកម្ពុជាចាប់ស្ត្រីឥណ្ឌូណេស៊ីមុខសញ្ញា Interpol ពាក់ព័ន្ធជួញដូរមនុស្សនិងគ្រឿងញៀន

នគរបាលកម្ពុជាចាប់ស្ត្រីឥណ្ឌូណេស៊ីមុខសញ្ញា Interpol ពាក់ព័ន្ធជួញដូរមនុស្សនិងគ្រឿងញៀន

ខេត្តព្រះសីហនុ – កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលជាមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ (Interpol) ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន។

ការចាប់ខ្លួនមុខសញ្ញា Interpol

ប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញនិវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

កម្លាំងនាយកដ្ឋានចារកម្មបានឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមរូបនេះឈ្មោះ ASTUTIK DEWI ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣:៤០នាទី នៅសណ្ឋាគារ NOVOTEL នៅខេត្តព្រះសីហនុ។

កន្លែងចាប់ខ្លួន

ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀតផងដែរ និងបានដកហូតរថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-9815។

ក្រោយបញ្ចប់នីតិវិធីនៃការសាកសួរ និងរៀបចំឯកសារនានា ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារបានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋានមរតកតេជោ តាមជើងយន្តហោះពិសេស «នគរបាល» នាវេលាម៉ោង១៦:០០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់ជូននគរបាលជំនាញនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

យន្តហោះនគរបាល

ការសហការរវាងនគរបាលកម្ពុជា និងនគរបាលអន្តរជាតិក្នុងការចាប់ខ្លួនមុខសញ្ញានេះ បង្ហាញពីប្រសិទ្ធភាពនៃការសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធបទល្មើសឆ្លងដែន។

ការសហការអន្តរជាតិ

អត្ថបទសរសេរដោយ សហការី | កែសម្រួលដោយ ស្រីណា

administrator

Related Articles