
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានចេញមុខឆ្លើយតបទៅនឹងការរិះគន់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងកម្ពុជា និងអ៊ីស្រាអែល ដោយចាត់ទុកថាជាការរិះគន់ដែលមានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី៤ ខែធ្នូថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ធ្នូ ២០២៥ គឺជាការបើកទំព័រដំបូងនៃការផ្លាស់ប្ដូរកម្លាំងពលកម្មជាមួយគ្នា ដែលនឹងផ្ដល់ឱកាសដល់ពលករខ្មែរក្នុងការទៅធ្វើការនៅអ៊ីស្រាអែល។

“ប្រទេសអ៊ីស្រាអែលជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់” លោកមេសាបានបញ្ជាក់។

ក្រសួងការងារបានខិតខំស្វែងរកឱកាសការងារទាំងក្នុងស្រុក និងក្រៅស្រុកជូនប្រជាពលរដ្ឋ ដោយពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដៃគូ។ ការធ្វើការនៅក្រៅប្រទេសមិនត្រឹមតែផ្ដល់ប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់មកជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។

លោកមេសាបានបញ្ជាក់បន្ថែមថា ការជ្រើសរើសធ្វើការក្នុងស្រុក ឬក្រៅស្រុក គឺជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋម្នាក់ៗ ដោយក្រសួងការងារគ្រាន់តែផ្ដល់ជម្រើស និងឱកាសដល់ពួកគេប៉ុណ្ណោះ។
