ពូទីនចូលដល់ឥណ្ឌា ចាប់ផ្ដើមទស្សនកិច្ចរដ្ឋាភិបាលពីរថ្ងៃក្រោមការតាមដានពីពិភពលោក

ពូទីនចូលដល់ឥណ្ឌា ចាប់ផ្ដើមទស្សនកិច្ចរដ្ឋាភិបាលពីរថ្ងៃក្រោមការតាមដានពីពិភពលោក

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចូលដល់ប្រទេសឥណ្ឌាហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ពូទីនចូលដល់ឥណ្ឌា

តាមការផ្សាយរបស់ BBC យន្តហោះដឹកប្រធានាធិបតីរុស្ស៊ីបានចុះចតនៅមូលដ្ឋានទ័ពអាកាសឥណ្ឌា Palam ក្នុងទីក្រុងញូវដែលី នាវេលាម៉ោង ៦:៣៥នាទីល្ងាច (ម៉ោងនៅឥណ្ឌា) ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ ដោយលោកពូទីនបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។

ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាទ្វេភាគី ដោយផ្តោតសំខាន់លើការពង្រឹងចំណងសេដ្ឋកិច្ច ការពារជាតិ និងថាមពល ជាពិសេសនៅពេលទណ្ឌកម្មរបស់លោកខាងលិចបានរុញឲ្យរុស្ស៊ីកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តយូរអង្វែងជាមួយប្រទេសនានាដូចជាឥណ្ឌានេះឯង។

ម៉ូឌីជាមួយពូទីន

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅឥណ្ឌា គឺពាក់ព័ន្ធវិស័យការពារជាតិតែម្តង។ មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាទាំងលើបញ្ហាបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរគ្រឿងចុងក្រោយ ក៏ដូចជាមីស៊ីលសម្រាប់ប្រព័ន្ធ S-400 និងការធ្វើឲ្យប្រសើរដល់កងយន្តហោះចម្បាំង Su-30 របស់ឥណ្ឌាផងដែរ។

កិច្ចពិភាក្សាសំខាន់ផ្សេងទៀត គឺពាក់ព័ន្ធនឹងលទ្ធភាពនៃការផលិតរួមគ្នា នូវយន្តហោះចម្បាំង Su-57 របស់រុស្ស៊ី និងការផ្គត់ផ្គង់មីស៊ីល R-37 ដែលជាមីស៊ីលបាញ់លើអាកាសរយៈចម្ងាយឆ្ងាយ។

អ្វីដែលគួរឲ្យកត់សម្គាល់ផ្សេងទៀតគឺថា ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលអាមេរិកកំពុងស្វះស្វែងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបន្ទាប់ពីអាមេរិកដាក់សម្ពាធឥណ្ឌាឲ្យឈប់ទិញប្រេងរុស្ស៊ី។

សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងលើអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles