ប្រជាពលរដ្ឋនៅហាតយ៉ៃបានបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីទឹកជំនន់ស្រក ពួកគេស្ទើរតែគ្មានទីពឹង ត្រូវរង់ចាំអំណោយទាំងអស់សង្ឃឹមជារៀងរាល់ថ្ងៃ។

ពួកគេរៀបរាប់ទាំងទុកវេទនាថា ដោយសារតែទឹកបុកចូលលឿនពេក មិនអាចប្រមូលសូម្បីតែសម្ភារៈ និងជម្លៀសចេញទាន់ពេលវេលាឡើយ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកហាតយ៉ៃ ខេត្តសុងក្លា បានប្រាប់ Khaosod Online ថា បន្ទាប់ពីផ្ទះរបស់ពួកគេលិចទឹកទាំងស្រុង ម្នាក់ៗត្រូវជម្លៀសកូនពពែ និងគោជាង២០ក្បាលទៅជាន់ទីពីរ។
ពួកគេបានព្យាយាមជួយសត្វឲ្យរស់ ប៉ុន្តែនៅពេលដែលទឹកមកដល់ភ្លាមៗ បានសម្លាប់ពពែ និងគោជាង១០ក្បាលយ៉ាងឆាប់រហ័ស សរុបជាង២០ក្បាល។ មានតែកូនពពែតូចៗប៉ុណ្ណោះដែលនៅសល់ ខណៈដែលមេៗរបស់ពួកវាទាំងអស់សុទ្ធតែស្លាប់។
បើទោះបីជាទឹកស្រកក៏ដោយ ប៉ុន្តែពលរដ្ឋថៃជាច្រើនគ្រួសារ មិនដឹងថាត្រូវធ្វើអ្វីឥឡូវនេះទេ ព្រោះសុទ្ធតែគ្មានលុយជាប់ខ្លួន។ ម្នាក់ៗនៅពេលនេះ កំពុងតែតស៊ូដើម្បីរស់ ព្រោះពួកគេត្រូវរង់ចាំអំណោយជារៀងរាល់ថ្ងៃ។ សូម្បីតែទឹកស្រកហើយក្ដី ប៉ុន្តែអគ្គិសនីនៅក្នុងផ្ទះក៏នៅតែដាច់ដដែល។

ប្រជាជនថៃខ្លះទៀតបានត្អូតត្អែរថា ទឹកជំនន់ឆ្នាំនេះបានបណ្ដាលឲ្យមនុស្សម្នាច្រើនបាត់បង់ផ្ទះ រងការខូចខាតបន្ទប់ ផ្ទះល្វែង ឬអគារឈរមួយចំនួន។ ចំណែកសេវាទឹក ភ្លើង ទូរស័ព្ទបានរងការខូចខាតធ្ងន់ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។
ដោយឡែក អាជីវកម្ម និងការពលកម្មរងការខ្វះខាត ធ្វើឲ្យពួកគេនិងគ្រួសារមានការលំបាក ខណៈក្រុមអាជីវករថៃមួយចំនួនសម្រុកដាក់លក់ទំនិញឡាយឡុងដើម្បីសម្អាតស្តុកចាស់ និងអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តវិធានការសង្គ្រោះបន្ទាន់ ព្រមទាំងស្ដារតំបន់ដែលរងផលប៉ះពាល់ឡើងវិញភ្លាៗម្ដង។
អត្ថបទ៖ សាង ស្រីល័ក្ខ
