ក្រសួងដ.ន.ស. ប្រកាសចាត់វិធានការតាមច្បាប់ប្រឆាំងជនក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ក្រសួងដ.ន.ស. ប្រកាសចាត់វិធានការតាមច្បាប់ប្រឆាំងជនក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចេញសេចក្តីជូនដំណឹងដាស់តឿនព្រមានសាធារណជនអំពីក្រុមជនទុច្ចរិតដែលកំពុងក្លែងខ្លួនជាមន្ត្រីជាន់ខ្ពស់ក្រសួង និងជាជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

ក្រសួងដ.ន.ស. ចាត់វិធានការប្រឆាំងជនក្លែងបន្លំ

ជនទុច្ចរិតទាំងនេះបានប្រើប្រាស់ប្រព័ន្ធតេលេក្រាមដើម្បីទាក់ទងទៅកាន់អតិថិជនគម្រោងដីឡូត៍ភូមិមរតកនៅក្រុងស្វាយរៀង និងគម្រោងដីឡូត៍ភូមិមរតកថ្មសនៅស្រុកស្វាយជ្រំ ដោយបោកប្រាស់ឱ្យពួកគាត់បង់ប្រាក់ជាថ្នូរនឹងការដោះស្រាយបញ្ហាលក់ទិញដីឡូត៍។

ក្រសួងដ.ន.ស. បានចាត់ទុកសកម្មភាពនេះថាជាទង្វើបំពានទាំងផ្នែកច្បាប់ និងសីលធម៌ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។

បច្ចុប្បន្ន ក្រសួងដ.ន.ស. កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានប្រឆាំងនឹងជនទុច្ចរិតទាំងនេះ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការក្លែងបន្លំគ្រប់ប្រភេទ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការដោះស្រាយបញ្ហាដោយស្មោះត្រង់។

រីឯរាជរដ្ឋាភិបាលក៏បានសម្រេចទទួលបន្ទុករ៉ាប់រងពន្ធអាករ និងសេវាសុរិយោដីបន្ថែមទៀតជូនដល់អតិថិជនគម្រោងទាំងពីរខាងលើ ដើម្បីធានាការដោះស្រាយបញ្ហាឱ្យបានរហ័ស និងជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ។

administrator

Related Articles