ទីក្រុងបាងកក – ព្រឹត្តិការណ៍ដ៏ហួសចិត្តមួយបានកើតឡើងក្នុងការប្រកួតបាល់ទាត់បើកឆាកស៊ីហ្គេមលើកទី៣៣ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋានជាតិ Rajamangala នៅពេលដែលប្រព័ន្ធសំឡេងមានបញ្ហាបច្ចេកទេស បណ្តាលឱ្យមិនអាចចាក់ភ្លេងជាតិវៀតណាម និងឡាវបាន។

កីឡាករក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់វៀតណាម និងឡាវ ត្រូវបង្ខំឱ្យច្រៀងភ្លេងជាតិរបស់ខ្លួនផ្ទាល់មាត់ ដោយមានការលួចសើច និងភាពរអាក់រអួលយ៉ាងច្រើន។ ប៉ុន្តែភ្លាមៗក្រោយមក អ្នកគាំទ្រដែលមកទស្សនាក៏បានចូលរួមស្រែកច្រៀងជាមួយផងដែរ ប្រែក្លាយពេលវេលាដ៏ឧឡារិកនេះទៅជាពេលវេលាដ៏ពិសេសមួយ។
ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយអ្នកគាំទ្រជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះកំហុសបច្ចេកទេសនៅក្នុងព្រឹត្តិការណ៍កីឡាតំបន់ដ៏សំខាន់មួយនេះ។

ទោះជាមានបញ្ហាក៏ដោយ ការប្រកួតបានបន្តដោយវៀតណាមយកឈ្នះលើឡាវ ២-១ ដើម្បីកាន់កាប់កំពូលតារាងពូល B បណ្តោះអាសន្ន។ ក្នុងថ្ងៃដដែល ម្ចាស់ផ្ទះថៃក៏យកឈ្នះលើទីម័រខាងកើត ៦-១ ដើម្បីឈរកំពូលតារាងពូល A។
ក្រោយពីហេតុការណ៍នេះ អាជ្ញាធរកីឡាថៃ (SAT) និងគណៈកម្មាធិការកីឡាស៊ីហ្គេមថៃបានចេញលិខិតសុំទោសផ្លូវការទៅកាន់គណៈកម្មាធិការអូឡាំពិកវៀតណាម និងភាគីពាក់ព័ន្ធទាំងអស់។ លោកបណ្ឌិត គង់សក្តិ យ៉តម៉ានី អភិបាល SAT បានទទួលស្គាល់ការទទួលខុសត្រូវពេញលេញ និងសន្យាថានឹងពិនិត្យឡើងវិញនូវដំណើរការបច្ចេកទេសទាំងមូល ដើម្បីការពារកុំឱ្យមានកំហុសបែបនេះកើតឡើងម្តងទៀត។
