
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចូលរួមស្តាប់បទបង្ហាញពីវឌ្ឍនភាពការងារបោះបង្គោលព្រំដែនលេខ ៥២-៥៩ រវាងកម្ពុជា-ថៃ នៅថ្ងៃទី៥ ធ្នូ ២០២៥។

ការបង្ហាញនេះដឹកនាំដោយលោក ព្រំសឿន វឌ្ឍន ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) ជាអ្នករៀបចំ។

យោងតាមព័ត៌មានពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) បានសម្រេចចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។

ក្រុមវាស់វែងចម្រុះបានប្រើដ្រូនថតរូបពីអាកាសដើម្បីបង្កើតផែនទីរូបថត (Photomap) ប្រវែង ៦.៤គ.ម (៧៦%) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងសរុប ៨.៣គ.ម។ ការងារនេះធ្វើឡើងចាប់ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ២០២៥។
ប្រភព៖ ក្រសួងព័ត៌មាន
