ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យដែលធ្វើអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ព្រឹត្តិការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង០០៥៥នាទី នៅពេលដែលក្រុមជនសង្ស័យដែលភាគច្រើនជាជនជាតិចិន បានចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត RANGE ROVER ពណ៌ស ផ្លាកលេខភ្នំពេញ2CD-8488 នៅតាមផ្លូវជាតិលេខ១ សង្កាត់បាវិត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតយ៉ាងរហ័ស និងកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង។

នៅថ្ងៃទី៥ ខែធ្នូ វេលាម៉ោង១៤៥០នាទី កម្លាំងជំនាញបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដែលមានជនជាតិចិន២នាក់ និងជនជាតិមីយ៉ាន់ម៉ា៦នាក់។ ក្នុងពេលជាមួយគ្នា កម្លាំងនគរបាលបានរំដោះជនរងគ្រោះចំនួន៦នាក់ ដែលទាំងអស់ជាជនជាតិចិន និងដកហូតបានវត្ថុតាងធ្វើទារុណកម្មមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីតាមច្បាប់។

ការបង្ក្រាបព្រឹត្តិការណ៍នេះបង្ហាញពីប្រសិទ្ធភាពក្នុងការតស៊ូប្រឆាំងនឹងអំពើឧក្រិដ្ឋក្នុងសង្គម និងការការពារសិទ្ធិមនុស្សរបស់អាជ្ញាធរនគរបាលកម្ពុជា។

ដោយ៖ តារា

