(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើនសមត្ថភាពវិជ្ជាជីវៈទេសចរណ៍ឱ្យទាន់សម័យអន្តរជាតិ។

នៅថ្ងៃទី៥ ធ្នូ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅស្ថានទូតបារាំង។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានសង្កត់ធ្ងន់ពីការចូលរួមសំខាន់របស់បារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងសន្យាបន្តគាំទ្រក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់បារាំងក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងវិស័យទេសចរណ៍។ លោកក៏ថ្លែងអំណរគុណចំពោះការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់វិនិយោគិន និងជនបារាំង។

តាមរយៈសហប្រតិបត្តិការដ៏ល្អ ចំនួនទេសចរបារាំងមកកម្ពុជាកើនឡើងជារៀងរាល់ឆ្នាំ និងក្លាយជាទីផ្សារធំទាំង១០របស់កម្ពុជា។
ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅពីការរៀបចំភូមិហ្រ្វង់កូហ្វូនឱ្យមានភាពទាក់ទាញ បង្ហាញសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រតិភូជាន់ខ្ពស់ និងអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។
ប្រភព៖ ក្រសួងទេសចរណ៍
