អាមេរិកបានចេញសំឡេងព្រួយបារម្ភចំពោះការក្លាយជាមជ្ឈមណ្ឌលផ្ទុកទំនិញរបស់ប្រទេសកាណាដា និងម៉ិកស៊ិក សម្រាប់ចិន វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីគេចពន្ធនាំចូលខ្ពស់។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់ប្រទេសកាណាដា និងម៉ិកស៊ិកជាមជ្ឈមណ្ឌលស្ដុកទំនិញសម្រាប់ការនាំចេញទៅកាន់អាមេរិក គឺជាបញ្ហាធំមួយដែលត្រូវដោះស្រាយ។
“ករណីនេះបានកើតឡើងរួចហើយសម្រាប់ម៉ិកស៊ិក” លោក Greer បាននិយាយនៅសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន។

ការលើកឡើងនេះមកពីការកើនឡើងនៃទំនិញឆ្លងកាត់ ដែលចិននាំចេញទៅប្រទេសដទៃមុន រួចហើយទើបនាំចេញទៅសហរដ្ឋអាមេរិកបន្ត ដើម្បីគេចពន្ធខ្ពស់ដែលអាមេរិកបានដាក់លើទំនិញចិនដោយផ្ទាល់។
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ដំឡើងពន្ធនាំចូលលើប្រទេសផ្សេងៗ រួមទាំងចិន និងបណ្ដារដ្ឋអាស៊ីអាគ្នេយ៍ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលអាមេរិកចាត់ទុកថាមិនស្មើភាពគ្នា។

លោក Greer បានបញ្ជាក់ថា វិធានការមួយចំនួន រួមទាំងពន្ធលើរថយន្តបរទេស ត្រូវបានដាក់ចេញឡើងដើម្បីជួយកែតម្រូវបញ្ហាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា។
