ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញឲ្យចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនេះ ដែលជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោកម៉ាក្រុងទៅកាន់ប្រទេសចិន លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងបារាំងនិងចិននឹង«មិនរួញរា»ក្នុងការជំរុញកិច្ចចរចាបទឈប់បាញ់ក្នុងជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប។
លោកម៉ាក្រុងបាននិយាយថា៖ «យើងត្រូវតែបន្តធ្វើការឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងពិភពលោក និងនៅអ៊ុយក្រែន» ដោយហៅសង្រ្គាមនេះថាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប។

ចំណែកលោកស៊ី ជីនពីង បាននិយាយឡើងវិញនូវការគាំទ្រទូទៅរបស់ចិនសម្រាប់បទឈប់បាញ់ដែលបានចរចា ដោយបញ្ជាក់ថា ទីក្រុងប៉េកាំង«សង្ឃឹមថា ភាគីទាំងអស់នឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែលយុត្តិធម៌ ស្ថិតស្ថេរ និងរឹងមាំតាមរយៈកិច្ចសន្ទនា»។
កិច្ចចរចាក៏បានគ្របដណ្តប់លើបញ្ហាសេដ្ឋកិច្ចផងដែរ ដោយឱនភាពពាណិជ្ជកម្មរបស់បារាំងជាមួយប្រទេសចិនបានកើនឡើងដល់៤៦ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៤ ហើយឱនភាពសរុបរបស់សហភាពអឺរ៉ុបឥឡូវនេះលើសពី៣០០ពាន់លានអឺរ៉ូ។

ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបលោកម៉ាក្រុងនៅទីក្រុងប៉ារីស ដោយជំរុញឲ្យមេដឹកនាំអឺរ៉ុបរក្សាជំហរនៅពីក្រោយទីក្រុងកៀវ។
