ភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្តេចចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ កក្កដា ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លាជូនជាតិមាតុភូមិរួចទៅហើយ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះមកវាយប្រហារលើសម្តេចតេជោ។

ប៉ុន្តែសម្រាប់អ្នកយុទ្ធសាស្ត្រ និងអ្នកមានបទពិសោធន៍ក្នុងបញ្ហាចំណាប់ខ្មាំង សាររបស់សម្តេចតេជោមិនមែនជារឿងចៃដន្យឡើយ។ វាបង្កប់អត្ថន័យយុទ្ធសាស្ត្រច្រើនយ៉ាង៖
ទី១៖ ការផ្តល់តម្លៃយ៉ាងធំធេងបំផុតដល់វីរភាពរបស់កងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ កក្កដា ២០២៥ ពោលគឺមួយថ្ងៃក្រោយពីបទឈប់បាញ់ចូលជាធរមាន។

ទី២៖ សារច្បាស់លាស់ទៅកាន់ភាគីថៃថា ពួកគេមិនអាចយកចំណាប់ខ្មាំងទាំង ១៨នាក់ដើម្បីជាថ្នូរនៃការទាមទារអ្វីហួសហេតុជាមួយកម្ពុជាឡើយ។ ភាគីថៃពិតជាបានទទួលសារយ៉ាងច្បាស់លាស់នេះពីថ្នាក់ដឹកនាំកម្ពុជា។
ទី៣៖ សម្តេចតេជោប្រកាសបែបនេះនៅពេលនេះ ពីព្រោះលោកបានដឹងយ៉ាងច្បាស់ថា កងទ័ពទាំង ១៨នាក់មានសុវត្ថិភាពទាំងស្រុង ហើយស្ថិតនៅក្រោមការតាមដានពីសហគមន៍អន្តរជាតិ។

យុទ្ធសាស្ត្រនេះគឺដើម្បីកាត់បន្ថយឥទ្ធិពលរបស់ថៃក្នុងការយកបញ្ហាចំណាប់ខ្មាំងមកតថ្លៃជាមួយកម្ពុជា ផ្តល់តម្លៃដល់វីរកងទ័ព និងពង្រឹងការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។
សរុបមក សាររបស់សម្តេចតេជោកំពុងដាក់ថៃឱ្យស្ថិតនៅក្នុងស្ថានភាពលំបាក។ បើដោះលែង រដ្ឋាភិបាលថៃអាចរងសម្ពាធពីប្រជាជនថៃ ប៉ុន្តែបើបន្តអូសបន្លាយពេល ថៃនឹងខូចមុខមាត់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
ដោយ៖ លោក វង្ស មករា សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយសង្គម
