ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា ខេត្តជាច្រើននៃប្រទេសកម្ពុជានឹងពុំមានភ្លៀងធ្លាក់ទេក្នុងរយៈពេលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ។

យោងតាមព្រឹត្តិបត្រនេះ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីព្រះរាជាណាចក្រកម្ពុជា។
សម្រាប់តំបន់វាលទំនាប រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពពី២០°C ទៅ៣០°C និងពុំមានភ្លៀងធ្លាក់ទេ។

ចំណែកតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពពី២១°C ទៅ២៩°C។
សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏ពុំមានភ្លៀងធ្លាក់ដែរ ដោយមានសីតុណ្ហភាពពី២០°C ទៅ៣០°C និងរលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឱ្យប្រជាពលរដ្ឋទទួលយកព័ត៌មាននេះ និងត្រៀមខ្លួនសម្រាប់ស្ថានភាពអាកាសធាតុដែលគ្មានភ្លៀងក្នុងរយៈពេលបីថ្ងៃខាងមុខនេះ។
