(ព្រៃវែង)៖ ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បានបើកទីផ្សារលក់ផលិតផលកសិកម្មក្នុងស្រុករៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរ និងផ្ដល់ឱកាសដល់កសិករឱ្យលក់ផលិតផលដោយផ្ទាល់ដល់អ្នកប្រើប្រាស់។

ទីផ្សារនេះមានទីតាំងនៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ដែលរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត។ គោលបំណងចម្បងគឺដើម្បីគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានឱកាសចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាល។

លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឱ្យដឹងថា៖ “បន្លែផ្លែឈើ និងត្រីសាច់ទាំងអស់នេះ បានមកពីបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តព្រៃវែង។ ជាពិសេសបន្លែភាគច្រើនមកពីកោះពាមរាំង ស្រុកពាមជរ ដែលជាតំបន់ដីសម្បូរជីជាតិ និងមានប្រជាពលរដ្ឋដាំបន្លែជាច្រើន។”

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ដោយបញ្ជាក់ថា៖ “ការទិញផលិតផលខ្មែរគឺជាការរួមចំណែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករ បង្កើនការផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស និងជំរុញសេដ្ឋកិច្ចជាតិ។”

ផ្សារផលិតផលខ្មែរនេះមិនត្រឹមតែផ្ដល់ឱកាសដល់កសិករប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកប្រើប្រាស់ទទួលបានផលិតផលស្រស់ស្អាត មានគុណភាព និងសុវត្ថិភាព ដោយផ្ទាល់ពីអ្នកផលិត។ ការបើកទីផ្សារនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលជាតិ។

សូមចូលរួមគាំទ្រផលិតផលខ្មែរ និងទស្សនាទីផ្សារនេះរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។


ផ្ដល់សិទ្ធិដោយ៖ Freshnews
