ពលករខ្មែរ៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នៅខេត្តរ៉ាចាក់បុរី ប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍នេះកើតឡើងនៅពេលដែលរថយន្ត Fortuner បានធ្លាក់ចូលប្រឡាយទឹកក្នុងតំបន់ធារាសាស្ត្រ។

សមត្ថកិច្ចថៃបានចុះពិនិត្យកន្លែងកើតហេតុបន្ទាប់ពីទទួលបានដំណឹងអំពីរថយន្តធ្លាក់ប្រឡាយ។ នៅពេលចុះពិនិត្យ គេបានរកឃើញសាកសពចំនួន៩នាក់នៅក្នុងរថយន្ត ដែលសុទ្ធសឹងជាកម្មករបរទេស។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺជនរងគ្រោះទាំងអស់មានខ្សែចំបើងពណ៌ខៀវចងជាប់នឹងកដៃស្តាំរបស់ពួកគេ។

តាមការស៊ើបអង្កេតបឋម រថយន្តនេះដឹកអ្នកដំណើរចំនួន១៥នាក់ ក្នុងនោះមានប្រុស១៤នាក់ និងស្រី១នាក់ ហើយកំពុងធ្វើដំណើរឆ្ពោះទៅស្រុកប៉ាក់ថ្ម។ មន្ត្រីសង្ស័យថា រថយន្តដឹកលើសទម្ងន់បណ្តាលឱ្យបែកកង់ក្រោយខាងស្តាំ មុនពេលបាត់បង់ការគ្រប់គ្រង និងធ្លាក់ចូលប្រឡាយទឹក។
ក្រោយពេលកើតហេតុ មនុស្ស៦នាក់បានហែលចេញពីរថយន្ត ក្នុងនោះមានជនជាតិថៃម្នាក់ និងអ្នកបើកបរដែលបង្កគ្រោះថ្នាក់។ អ្នករត់គេចខ្លួន៤នាក់ត្រូវបានរថយន្តភីកអាប់មួយគ្រឿងទៀតដឹកយកទៅសង្គ្រោះ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ភ្លាមៗ។
សមត្ថកិច្ចកំពុងប្រមូលភស្តុតាងពីកន្លែងកើតហេតុ និងតាមចាប់អ្នកបើកបរជនជាតិថៃដែលរត់គេចខ្លួន ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងការរត់ពន្ធពលករបរទេសឧសច្បាប់។ សាកសពទាំងអស់ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ឆ័យនៅវិទ្យាស្ថានកោសល្យវិច្ឆ័យក្រុងបាងកក។
