កងទ័ពមីយ៉ាន់ម៉ាបន្តយុទ្ធនាការកម្ទេចក្រុមឆបោកអនឡាញ ដោយបំផ្ទុះអគារកម្ពស់១៣ជាន់របស់ចិនឲ្យរលំរាបស្មើនឹងដី។

តាមការផ្សាយព័ត៌មាន Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់សេដ្ឋកិច្ចពិសេស Yangtze (Shwe Kokko) ដែលស្ថិតនៅក្នុងរដ្ឋ Karen។ ការបំផ្ទុះនេះបានធ្វើឲ្យអគារកម្ពស់១៣ជាន់ដួលរលំរាបស្មើនឹងដី។

ផលប៉ះពាល់ពីការបំផ្ទុះបានរីករាលដាលដល់ទឹកដីថៃនៅក្នុងភូមិ Ban Wang Kaew ស្រុក Mae Sot ខេត្ត Tak ប៉ុន្តែជាសំណាងល្អដែលមិនមានអ្នករងគ្រោះឡើយ។
តំបន់ Shwe Kokko ត្រូវបានគេស្គាល់ថាជាសម្បុកធំនៃក្រុមឧក្រិដ្ឋជនអនឡាញ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបានតាមចាប់កម្ទេចអស់រយៈពេលរាប់ខែមកហើយ។ យុទ្ធនាការថ្មីនេះបានធ្វើឲ្យអ្នកឆបោករាប់ពាន់នាក់រត់គេចខ្លួន មួយចំនួនធំបានរត់ចូលទៅក្នុងទឹកដីថៃ។

ចាប់តាំងពីដើមខែតុលា កងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្ដើមយុទ្ធនាការវាយប្រហារលើក្រុម Scam ដោយបានដណ្ដើមយកអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង២,០០០នាក់តាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា។
ក្នុងអំឡុងការវាយប្រហារនៅ KK Park កងទ័ពបានរឹបអូសឧបករណ៍បច្ចេកវិទ្យាជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿង ដែលក្រុមឆបោកបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
អត្ថបទ៖ សុខ សុវណ្ណ
