រាជធានីបាងកក និងតំបន់ភាគខាងជើងនៃប្រទេសថៃ កំពុងប្រឈមមុខនឹងវិបត្តិខ្យល់ពុល PM2.5 ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានប៉ះពាល់ដល់សុខភាពពលរដ្ឋជាង ១០ លាននាក់ក្នុងឆ្នាំ២០២៥នេះ។

តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានបង្ហាញដោយវេជ្ជបណ្ឌិត Supakorn Tultrairatana ពីមន្ទីរពេទ្យ Nopparat Rajathanee ដែលបង្ហាញពីគ្រោះថ្នាក់ពិតប្រាកដនៃបញ្ហាខ្យល់ពុលដែលកំពុងគ្របដណ្តប់ទឹកដីថៃ។
យោងតាមការផ្សាយព័ត៌មានរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម រួមមានជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ ខណៈដែលអ្នកខ្លះទៀតមានឡើងកន្ទួលលើស្បែក និងបញ្ហាភ្នែក។
ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះទៀតឈានដល់ការជំងឺមហារីកសួត។

ការបញ្ចេញតួលេខនេះកើតឡើងក្នុងពេលដែលមានការព្រមានថា ខ្យល់ពុល PM2.5 នៅភាគខាងជើង និងកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកក នឹងឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ដែលជាកម្រិតគុណភាពខ្យល់អន់បំផុត និងពិបាកដកដង្ហើមបំផុតនៅចុងសប្តាហ៍នេះ។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់នេះ នឹងបន្តគ្របដណ្តប់លើរាជធានីថៃ និងខេត្តមួយចំនួនទៀត រហូតដល់ដើមឆ្នាំក្រោយ ដែលនឹងធ្វើឱ្យប្រទេសថៃប្រឈមនឹងទុក្ខលំបាកបន្តទៀត។
អត្ថបទ៖ សុខ សុវណ្ណ
