រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា មិនទទួលដោះស្រាយករណីជនជាតិចិនម្នាក់ដេកលក់លើម៉ូតូកង់៣ (PassApp)។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមណែនាំរបស់លោកស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ចអនុវត្តការងារមិនបានត្រឹមត្រូវ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អ ក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ នឹងប្រឈមទទួលរងវិន័យរបស់នគរបាលជាតិ ដោយមិនលើកលែង។

ពីដំណើររឿងពិតប្រាកដ ក្រុមការងារព័ត៌មានបានឲ្យដឹងថា៖ «នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក មានអ្នករត់កង់បី (PassApp) ផ្លាកលេខ ភ្នំពេញ 1LF-4963 បានបើកកង់បីមកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយបានចូលមករាយការណ៍ថា មានជនជាតិចិន០១នាក់ បានដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះកំពុងដេកក្នុងកង់បី។ អ្នកបើកបរកង់បីនោះបាននិយាយប្រាប់ថា នៅវេលាម៉ោងប្រហែល៥:០០នាទីព្រឹក គាត់បានដឹកជនជាតិចិននោះចេញពីការ៉ាស់សាំងតេលា រង្វង់មូលព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើបអ៊ីអន៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ជនជាតិចិននោះក៏បានដេក ដាស់មិនងើប។
មន្ត្រីនគរបាលម្នាក់ ក៏បានដាស់ជនជាតិចិននោះ តែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហឹះ! រួចក៏បិទភ្នែកដេកទៅវិញ។ ក្រោយពីដាស់ជនជាតិចិននោះមិនងើប លោកនាយប៉ុស្តិ៍ ក៏ប្រាប់ឲ្យអ្នកបើកបរកង់បីនោះ ដឹកគាត់យកទៅពេទ្យទៅ។ បន្ទាប់មក អ្នករត់កង់បីបានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដេញគាត់ចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិនោះ»។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ សារ៉ា ចន្ទ
