វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រាប់ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ពួកគេត្រូវតែរ៉ាប់រងកិច្ចការការពារសន្តិសុខដោយខ្លួនឯងចាប់ពីឆ្នាំ២០២៧តទៅ។ កិច្ចការនេះរួមមានការការពារសម្ព័ន្ធមិត្តដែលមិនប្រើអាវុធនុយក្លេអ៊ែរ។

សេចក្ដីជូនដំណឹងនេះត្រូវបានប្រាប់ទៅក្រុមអ្នកការទូតដែលចូលរួមកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះកើតឡើងក្នុងពេលដែលមានសញ្ញាថា អាមេរិកប្រហែលជាត្រូវដកខ្លួនពីតួនាទីសម្របសម្រួលការពារជាតិជាមួយណាតូ បើសិនពួកគេមិនអាចរ៉ាប់រងកិច្ចការនេះបានតាមកាលកំណត់។

មន្ត្រីរដ្ឋាភិបាលអឺរ៉ុបខ្លះយល់ថា ឱសានវាទនេះហាក់ដូចជាឆាប់រហ័សពេក។ តាមដឹងមកថា មន្ត្រីអាមេរិកនៅមន្ទីរបញ្ចកោណមិនសប្បាយចិត្តនៅពេលអឺរ៉ុបធ្វើកិច្ចការមិនបានលឿនទាន់ចិត្តចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ រដ្ឋាភិបាលរបស់លោកត្រាំចង់ឱ្យអឺរ៉ុបរ៉ាប់រងធ្វើកិច្ចការឱ្យបានច្រើនក្នុងការការពារជាតិរបស់ពួកគេ។
គួរកត់សម្គាល់ថា ដំណឹងនេះលេចឮឡើងនៅពេលរដ្ឋាភិបាលរបស់លោកត្រាំថ្លែងថា អាមេរិកមានទស្សនៈមិនស្របគ្នាជាមួយក្រុមប្រទេសនៅក្នុងអង្គការណាតូដទៃទៀតពាក់ព័ន្ធនឹងការរំពឹងទុកដែលគ្មានភាពប្រាកដនិយមនៅក្នុងបញ្ហាអ៊ុយក្រែន។ ការខ្វែងគំនិតគ្នានេះរំលេចឱ្យឃើញនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ (អាមេរិក) ដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

នេះបើយោងតាមប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត។ កិច្ចការនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២៧ ដោយអឺរ៉ុបត្រូវរ៉ាប់រងការពារសន្តិសុខរបស់ខ្លួនដោយឯករាជ្យពីអាមេរិក។
