អន្តរជាតិ ៖ ថ្ងៃទី៥ ខែធ្នូ លោក ស៊ីជីនពីង ប្រធានរដ្ឋចិន បានធ្វើការពិភាក្សាមិត្តភាពជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុង ឌូជៀងយ៉ាន់ ខេត្ត ស៊ីឈួន។

លោក ស៊ីជីនពីង បានណែនាំអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃទីក្រុង ឌូជៀងយ៉ាន់ ដោយបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ ឌូជៀងយ៉ាន់ គឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ វាក៏ជាគំរូដំបូងបំផុតនៃការរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ។
លោកបានចង្អុលបង្ហាញថា ដំណើរការសាងសង់បានបង្ហាញយ៉ាងច្បាស់នូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាក និងមានភាពក្លាហានក្នុងការត្រួសត្រាយផ្លូវថ្មី។ លោកក៏បានលើកឡើងថា ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ដូចគ្នាដែរ។
“ប្រទេសចិន និងបារាំង គួរតែអាចយល់គ្នា និងគោរពគ្នាបានល្អជាងប្រទេសដទៃទៀត” លោក ស៊ីជីនពីង បានមានប្រសាសន៍។
ឆ្លើយតបទៅវិញ លោក ម៉ាក្រុង បានថ្លែងថា វិស្វកម្មធារាសាស្ត្រដែលសាងសង់ឡើងកាលពីជាង ២០០០ ឆ្នាំមុន នៅតែប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ហើយភាពឧស្សាហ៍ព្យាយាម និងប្រាជ្ញារបស់ប្រជាជនចិនពិតជាគួរឱ្យកោតសរសើរណាស់។
លោកបានបន្ថែមថា ប្រទេសបារាំង និងប្រទេសចិន មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង ហើយការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរក៏ដូចគ្នាដែរ។ កិច្ចសហប្រតិបត្តិការរវាងបារាំង និងចិន អាចនាំមកនូវការអភិវឌ្ឍន៍ និងសុភមង្គល ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ប្រភព៖ CNN
