ភ្នំពេញ – ការស្ទាបស្ទង់មតិថ្មីបង្ហាញថា ពលរដ្ឋអឺរ៉ុបជាង 55% ចង់ឃើញតំបន់របស់ខ្លួនរក្សាជំហរថ្លឹងថ្លែងក្នុងជម្លោះអំណាចរវាងសហរដ្ឋអាមេរិក និងចិន។ ការស្ទាបស្ទង់ដែលធ្វើឡើងដោយ CLUSTER 17 បង្ហាញពីការផ្លាស់ប្ដូរគំនិតយ៉ាងធំនៅក្នុងសង្គមអឺរ៉ុប។

លោក Jean Yves Dormagen សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាប្រធាន CLUSTER 17 បានពន្យល់ថា៖ “អឺរ៉ុបដែលជាប្រពៃណីចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្ត ពេលនេះហាក់ដូចជាដូរការគិត។ វាហាក់មានការបាត់បង់ទំនុកចិត្តដែលថា អាមេរិកនឹងនៅតែជាសម្ព័ន្ធមិត្តធម្មជាតិ។”
ជាងនេះទៅទៀត ការស្ទាបស្ទង់នេះបង្ហាញថា ជិត 48% នៃពលរដ្ឋអឺរ៉ុបចាត់ទុកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំជាសត្រូវរបស់អឺរ៉ុប។ នេះជាសញ្ញាបង្ហាញពីការផ្លាស់ប្ដូរទំនាក់ទំនងយ៉ាងសំខាន់។

លោក Dormagen បន្តថា៖ “គេបានសួរនាំបណ្ដាមនុស្សឲ្យធ្វើការជ្រើសរើសរវាងអាមេរិកនិងចិន ដែលមនុស្សភាគច្រើនមិនធ្វើការជ្រើសរើសឡើយ។ មានន័យថា ពេលនេះលែងមានអ្វីច្បាស់ទៀតហើយក្នុងចិត្តរបស់ពលរដ្ឋអឺរ៉ុប ក្នុងការចាត់ទុកអាមេរិកជាសម្ព័ន្ធមិត្ត។ លែងមានសម្ព័ន្ធមិត្តធម្មជាតិទៀតហើយ។”
ក្រៅពីនេះ ការស្ទាបស្ទង់មតិក៏បានពិនិត្យលើការយល់ឃើញរបស់ពលរដ្ឋអឺរ៉ុបលើលទ្ធភាពសង្គ្រាមជាមួយរុស្ស៊ី។ លទ្ធផលបង្ហាញថា ពលរដ្ឋអឺរ៉ុបភាគច្រើនដល់ 51% លើកឡើងពីគ្រោះថ្នាក់ខ្ពស់បំផុត ដែលរុស្ស៊ីអាចធ្វើសង្គ្រាមជាមួយអឺរ៉ុប។

លោកអ្នកជំនាញបានពន្យល់បន្ថែមថា អឺរ៉ុបអាចពឹងលើខ្លួនឯង តែវាក៏មិនមានភាពប្រាកដប្រជាដែរ ក្នុងពេលជួបស្ថានភាពផុយស្រួយ។ ការស្ទាបស្ទង់នេះធ្វើឡើងលើពលរដ្ឋអឺរ៉ុបពីប្រទេសផ្សេងៗ ដើម្បីយល់ពីទស្សនៈរបស់ពួកគេលើទំនាក់ទំនងអន្តរជាតិ។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
