ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) ជាបន្ទាន់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងថា ការរៀបចំមិនល្អដូចកម្ពុជា។

នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកអនុទីន ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងភាពចលាចលជុំវិញការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេមលើកទី៣៣។ លោកបញ្ជាក់ថា គួរតែសួររដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា។
នៅពេលអ្នកកាសែតចោទសួរថា តើបញ្ហាស៊ីហ្គេមប៉ះពាល់ដល់មុខមាត់ប្រទេសថៃដែរឬទេ? លោកអនុទីនបាននិយាយថា ការប្រកួតនឹងបើកនៅថ្ងៃទី៩ ខែធ្នូ ហើយលោកនឹងចូលរួមដោយសារតែវត្តមានរបស់ព្រះមហាក្សត្រ។

អ្នកកាសែតបន្តសួរអំពីការរិះគន់យ៉ាងខ្លាំងថា ការរៀបចំស៊ីហ្គេមលើកទី៣៣ មិនល្អដូចកម្ពុជា (ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២) លោកអនុទីនឆ្លើយថា «នរណានិយាយអីចឹង បើមិនទាន់ចាប់ផ្តើម»។
នៅពេលត្រូវបានសួរអំពីការរិះគន់ទាក់ទងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ផ្ទាំងរូបភាពផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម លោកអនុទីននិយាយថា លោកឧបនាយករដ្ឋមន្ត្រី ថាំម៉ាណាត់ ព្រំផាវ ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ នៅក្នុងឋានៈជាអធិការកិច្ចក្រសួងទេសចរណ៍ និងកីឡា បានប្រាប់ថា លោកនឹងចាត់ចែងយ៉ាងពេញលេញ។

នៅពេលសួរដល់សំណួរទាក់ទងនឹងបញ្ហាថវិកាចំណាយ លោកអនុទីនឆ្លើយថា «រឿងនេះមិនមែនទើបតែចាប់ផ្តើមកាលពីពីរខែមុនទេ។ ពេលចូលកាន់តំណែង យើងត្រូវដោះស្រាយបញ្ហានេះឱ្យបានពេញលេញជាបន្ទាន់។ យើងដឹងពីបញ្ហានេះ នោះហើយជាមូលហេតុដែលយើងកំពុងតែដុតដៃដុតជើង។»
លោកបន្តថា ចំពោះផ្នែករបស់លោកវិញ បញ្ហាពាក់ព័ន្ធគឺនៅស្រុកហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា (Songkhla) ដែលការប្រកួតមិនអាចរៀបចំនៅទីនោះបាន (គ្រោះទឹកជំនន់)។ លោកត្រូវតែប្រញាប់ រៀបចំទីកន្លែងសម្រាប់ការប្រកួត និងកន្លែងស្នាក់នៅអត្តពលិក ដែលអាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងដោះស្រាយនាពេលបច្ចុប្បន្ន។

នៅពេលសួរថា តើការអនុវត្តសំខាន់ៗ របស់បណ្តារដ្ឋមន្ត្រីពាក់ព័ន្ធ គួរតែត្រូវបានវាយតម្លៃដែរឬទេ? លោកអនុទីនបានឆ្លើយថា «វាយឺតពេលហើយក្នុងការវាយតម្លៃ ព្រោះសភានឹងត្រូវរំលាយចោលក្នុងពេលឆាប់ៗនេះ»៕
