លោក ជួន ណារិន្ទ ហៅនាយប៉ុស្តិ៍ជ្រោយចង្វារមកបំភ្លឺ ករណីដេញអ្នករត់កង់បីចេញ មិនជួយជនជាតិចិនដេកលក់លើម៉ូតូ

លោក ជួន ណារិន្ទ ហៅនាយប៉ុស្តិ៍ជ្រោយចង្វារមកបំភ្លឺ ករណីដេញអ្នករត់កង់បីចេញ មិនជួយជនជាតិចិនដេកលក់លើម៉ូតូ

ភ្នំពេញ៖ លោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារមកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមចោទថា ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិចិន១នាក់ដេកលក់លើម៉ូតូកង់បីមិនក្រោក។

ការអញ្ជើញនាយប៉ុស្តិ៍

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារមកសួរនាំបំភ្លឺ។

ពាក់ព័ន្ធករណីខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមការណែនាំរបស់លោកស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវ ដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អ ក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្ត្រីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងប្រឈមទទួលរងវិន័យរបស់នគរបាលជាតិដោយមិនលើកលែងឡើយ។

ការស៊ើបអង្កេតករណី

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ប្រាប់ពីដំណើររឿងថា កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥ មានអ្នករត់កង់បី(PassApp) ផ្លាកលេខភ្នំពេញ 1LF-4963 បានបើកកង់បីមកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយចូលមករាយការណ៍ថា មានជនជាតិចិន១នាក់ដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប។

ពេលទទួលបានព័ត៌មាន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះកំពុងដេកក្នុងកង់បី។ មន្ត្រីនគរបាលក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង។

អ្នកបើកបរកង់បីនោះបាននិយាយប្រាប់ថា កាលពីវេលាម៉ោងប្រហែល៥និង០០នាទីព្រឹក គាត់បានដឹកជនជាតិចិននោះចេញពីការ៉ាស់សាំងតេលា រង្វង់មូល ព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើបអ៊ីអន៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ជនជាតិចិននោះក៏បានដេក ដាស់មិនងើប។

ក្រោយពីដាស់ជនជាតិចិននោះមិនងើប មន្ត្រីប៉ុស្តិ៍ក៏ចូលមកប៉ុស្តិ៍ ហើយរាយការណ៍ជូនលោកនាយប៉ុស្តិ៍។ ខណៈនោះដែរ លោកនាយប៉ុស្តិ៍ក៏ប្រាប់ឲ្យអ្នកបើកបរកង់បី ដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះក៏ដឹកជនជាតិចិនចេញទៅបាត់។ បន្ទាប់មក ស្រាប់តែឃើញបុរសអ្នករត់កង់បីខាងលើ បានបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ថាដេញគាត់ចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិនោះ។

administrator

Related Articles