(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងថៃ ក្នុងរឿងកម្ពុជាធ្វើម្ចាស់ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

សម្តេចតេជោបានបញ្ជាក់ថា ការរៀបចំស៉ីហ្គេម២០២៣ មិនបានប្រើប្រាស់លុយចិន ឬលុយបរទេសសូម្បីមួយសេនទេ។ “ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជាជាមួយប្រទេសផ្សេងទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន” សម្តេចតេជោបានអះអាង។
សម្តេចបានលើកឡើងថា ការចំណាយសម្រាប់ស៉ីហ្គេមត្រូវបានរៀបចំតាំងពីឆ្នាំ២០១៨ ដល់២០២២ ដោយមានការសន្សំសំចៃយ៉ាងតឹងរឹង។ សរុបចំណាយត្រឹមតែ១១៨លានដុល្លារ ដោយគិតទាំងការស្នាក់នៅ និងចំណីអាហារសម្រាប់កីឡាករបរទេស។

“កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ” សម្តេចតេជោបានពន្យល់ ដោយលើកឡើងពីការសម្រេចចិត្តមិនឲ្យប្រទេសជាមិត្តបង់ប្រាក់ ដើម្បីពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។
សម្តេចបានសង្ឃឹមថា ជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា នឹងដកពាក្យដែលថា “កម្ពុជាធ្វើស៉ីហ្គេមដោយប្រើលុយចិន” ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការប្រមាថមហាអំណាចចិនផងដែរ។

សម្តេចតេជោក៏បានសូមអរគុណមិត្តចិនដែលបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៉ីហ្គេម និងសង្ឃឹមថា ថៃនឹងធ្វើបានល្អនៅស៉ីហ្គេម២០២៥ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមក។
