ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្ត ១គ្រឿង ដែលមានបំពាក់ឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS និងឧបករណ៍ Fake BTS កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលជំនាញដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់រថយន្តម៉ាកព្រុស ពាក់ផ្លាកលេខបាត់ដំបង 2B-4571។

ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗតាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ ខណៈពេលដែលពួកគេកំពុងបើករថយន្តតាមផ្លូវ។ នៅលើរថយន្តនេះមានបង្កប់ឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS និងឧបករណ៍ Fake BTS ដែលអាចប្រើប្រាស់ធ្វើបទល្មើសតាមប្រព័ន្ធអនឡាញ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

ការចាប់ខ្លួននេះបង្ហាញពីការខិតខំប្រយុទ្ធប្រឆាំងនឹងបទល្មើសសហគ្រាសអនឡាញរបស់កម្លាំងសមត្ថកិច្ចកម្ពុជា។

