ខេត្តស្វាយរៀង – សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ក្នុងចំណោមនោះមានជនជាតិចិន ២នាក់ និងជនជាតិភូមា ៦នាក់ ដែលពាក់ព័ន្ធនឹងករណីចាប់មនុស្សបង្ខាំងជំរិតទារប្រាក់នៅក្រុងបាវិត។

បើតាមប្រភពព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០:៥៥នាទី ក្រុមជនសង្ស័យជនជាតិចិនបានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្តម៉ាក RANGE ROVER ពណ៌ស លេខផ្លាកភ្នំពេញ 2CD-8488 នៅតាមផ្លូវជាតិលេខ១ សង្កាត់បាវិត។
ជនសង្ស័យទាំង៨នាក់មានឈ្មោះដូចខាងក្រោម៖
១. LI LING (ប្រុស ជនជាតិចិន)
២. WANG JING (ប្រុស ជនជាតិចិន)
៣. AI NI (ប្រុស ជនជាតិភូមា)
៤. SAI AUNG XIENG (ប្រុស ជនជាតិភូមា)
៥. A SAN (ប្រុស ជនជាតិភូមា)
៦. AI LONG (ប្រុស ជនជាតិភូមា)
៧. SAN YI KUN (ប្រុស ជនជាតិភូមា)
៨. NI LIE (ប្រុស ជនជាតិភូមា)
ក្រោយពីមានហេតុការណ៍ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងក្រុមការងារ បានសហការជាមួយនគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវយ៉ាងរហ័ស។

នៅថ្ងៃដដែល វេលាម៉ោង១៤:៥០នាទី កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ និងរំដោះជនរងគ្រោះបាន៦នាក់ ដែលទាំងអស់ជាជនជាតិចិន។ សមត្ថកិច្ចក៏បានដកហូតរថយន្ត RANGE ROVER ពណ៌ស លេខផ្លាក 2CD-8488 រួមទាំងមធ្យោបាយប្រើប្រាស់ក្នុងការធ្វើទារុណកម្មជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់។ ការចាប់ឃាត់នេះបង្ហាញពីប្រសិទ្ធភាពរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនៅតាមព្រំដែន។
