ខេត្តកំពត៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំសង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មានការចូលរួមពីលោកបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ និងលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាង៣០រូប។

លោករដ្ឋលេខាធិការ ជ្រុន ថេរ៉ាវ៉ាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

“ក្នុងឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានអនុវត្តសកម្មភាពការងារយ៉ាងសកម្ម ដើម្បីកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទ្រាំ” លោករដ្ឋលេខាធិការបានលើកឡើង។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទជាអាទិភាពក្នុងយុទ្ធសាស្ត្រជាតិ ដើម្បីកាត់បន្ថយគម្លាតរវាងទីជនបទ និងទីក្រុង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្រាប់ឆ្នាំ២០២៦ លោករដ្ឋលេខាធិការបានផ្ដល់អនុសាសន៍ឱ្យមន្ទីរបន្តយកចិត្តទុកដាក់លើការសាងសង់បណ្តាញទឹកស្អាត បង្គន់អនាម័យ ពង្រីកសេវាទឹកស្អាត និងជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ។

កិច្ចប្រជុំនេះបានពិនិត្យវឌ្ឍនភាពការងារ រកឃើញបញ្ហា និងការប្រឈម ព្រមទាំងកំណត់ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍ជនបទខេត្តកំពតក្នុងឆ្នាំ២០២៦។

ដោយ៖ សិលា
