ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ននឹងសារជូនដំណឹងក្លែងក្លាយពីជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលកំពុងផ្ញើសារបោកប្រាស់ដើម្បីលួចយកគណនី Telegram របស់អ្នកប្រើប្រាស់។

យោងតាមក្រសួងព័ត៍មាន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរបានចេញសារព្រមានបន្ទាន់ដល់អ្នកប្រើប្រាស់ Telegram កុំឱ្យជឿសារជូនដំណឹងដែលទាមទារឱ្យប្តូរលេខកូដសម្ងាត់ជាបន្ទាន់។ តាមការបញ្ជាក់ពីអាជ្ញាធរ ក្រុមហ៊ុន Telegram មិនដែលផ្ញើសារបែបនេះទេ។
វិធីសាស្រ្តការពារខ្លួនឯងពីការបោកប្រាស់បែបនេះ គឺត្រូវលុបសារជូនដំណឹងទាំងនោះចោលភ្លាមៗ ឬ Block អ្នកផ្ញើសារ។ អាជ្ញាធរបានណែនាំថា ប្រសិនបើទទួលបានសារបែបនេះ សូមមិនត្រូវចុចលើតំណភ្ជាប់ណាមួយ និងមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនឱ្យសារណាមួយឡើយ។

ការបោកប្រាស់បែបនេះកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយជនអនាមិកប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន និងគណនីសង្គមរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរបានអំពាវនាវឱ្យអ្នកប្រើប្រាស់ទាំងអស់រក្សាភាពប្រុងប្រយ័ត្ន និងរាយការណ៍ករណីបោកប្រាស់ទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធភ្លាមៗ។
