ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបន្តសុពលភាពការទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនតូយ៉ូតា (កម្ពុជា) ក្នុងការនាំចូល និងចែកចាយប្រេងម៉ាស៊ីន ប្រេងរំអិល គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក TOYOTA នៅក្នុងប្រទេសកម្ពុជា។

តាមលិខិតប្រកាសលេខ ៣៤៤៩ ព.ណ កសប ចុះថ្ងៃទី១៦ តុលា ២០២៥ ក្រសួងពាណិជ្ជកម្មបានឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្តម៉ាក “TOYOTA” របស់ក្រុមហ៊ុន TOYOTA (CAMBODIA) CO., LTD.។
ការទទួលស្គាល់នេះធ្វើឡើងដោយយោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពីការប្រកួតប្រជែងមិនស្មោះត្រង់។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី១២ មិថុនា ២០២៤ កន្លងទៅ ក្រសួងពាណិជ្ជកម្មក៏បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “TOYOTA” របស់ក្រុមហ៊ុនដូចគ្នា។
ក្រុមហ៊ុនតូយ៉ូតា (កម្ពុជា) គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ប្រទេសជប៉ុន ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាក TOYOTA ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការទទួលស្គាល់នេះនឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ដែលនិយមគាំទ្រប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្ត ម៉ាក “TOYOTA” ក៏ដូចជាគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនតូយ៉ូតា (កម្ពុជា)។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនតូយ៉ូតា (កម្ពុជា) មានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុន។
