
អ៊ីស្រាអែលបានកំណត់ថវិកាការពារជាតិឆ្នាំ២០២៦ចំនួនជាង ៣៤,៦៣ ពាន់លានដុល្លារ កើនឡើងយ៉ាងខ្លាំងពីឆ្នាំ២០២៥ ដែលមានតែ ២៧ ពាន់លានដុល្លារ។ ការកើនឡើងនេះកើតឡើងនៅពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សាបន្តរីករាលដាល។
រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានចុះហត្ថលេខាលើក្របខ័ណ្ឌថវិកាថ្មីនេះនៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។ លោក Katz បានបញ្ជាក់ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងផ្តោតលើការគាំទ្រទាហាន និងកាត់បន្ថយបន្ទុកលើកងទ័ពបម្រុង។

«យើងនឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងកងទ័ព IDF និងដោះស្រាយតម្រូវការរបស់អ្នកប្រយុទ្ធ ព្រមទាំងកាត់បន្ថយបន្ទុកលើកងទ័ពបម្រុង» លោក Katz បានថ្លែង។
យោងតាមការិយាល័យរបស់លោក Smotrich ថវិកាការពារជាតិឆ្នាំ២០២៦ កើនឡើងប្រមាណ ១៤,៥ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មុនពេលសង្រ្គាមហ្គាហ្សាផ្ទុះឡើង។
សង្រ្គាមនៅតំបន់ហ្គាហ្សា និងជម្លោះឆ្លងព្រំដែនជាមួយក្រុមហេសបូឡា បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង។ អ៊ីស្រាអែលបានចំណាយប្រហែល ៣១ ពាន់លានដុល្លារ លើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ក្នុងឆ្នាំ២០២៤។

ការកើនឡើងថវិកាការពារជាតិនេះ បង្ហាញពីការត្រៀមខ្លួនរបស់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាមយូរអង្វែង និងការពារសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់ដែលមានភាពតានតឹង។
