
(បាងកក)៖ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ធំមួយរបស់ជប៉ុន Daikin Industries ដែលមានទីតាំងនៅប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការទាំងស្រុងចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ការសម្រេចចិត្តនេះបានមកពីការចរចាបរាជ័យជាមួយសហជីពកម្មករ ដែលមិនអាចឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់បុគ្គលិកដែលបានធ្វើការយូរឆ្នាំ។
រឿងរ៉ាវនេះត្រូវបានផ្សាយដោយសារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងការងាររវាងក្រុមហ៊ុននិងសហជីព។
ជំលោះចាប់ផ្តើមពីសំណើរបស់ក្រុមហ៊ុនដែលចង់ផ្តល់ប្រាក់សុទ្ធចំនួន ៤០,០០០ បាត (ប្រហែល ១,២៥០ ដុល្លារ) ជំនួសឱ្យមាសទម្ងន់ ៣ បាត (៤៦ក្រាម) សម្រាប់បុគ្គលិកដែលបានធ្វើការឱ្យក្រុមហ៊ុនលើសពី ១០ ឆ្នាំ។ សហជីពបានបដិសេធយ៉ាងខ្លាំង ដោយចាត់ទុកថានេះជាការកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករ និងជាការបំពានកិច្ចសន្យាការងារ។

ក្នុងជំនួសកិច្ចចរចាជុំទី១០ ក្រុមហ៊ុន Daikin បានស្នើផ្តល់ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំស្មើនឹងប្រាក់ខែ ៦ ខែ បូកជាមួយប្រាក់ ១២,០០០ បាត និង ៤០,០០០ បាត ជំនួសឱ្យមាសទម្ងន់ ៣ បាត។ តែតម្លៃមាស ៣ បាតនៅតាមហាងឆេងបច្ចុប្បន្នមានតម្លៃជាង ៦,០០០ ដុល្លារ ខណៈដែល ៤០,០០០ បាតមានតម្លៃត្រឹមតែ ១,២៥០ ដុល្លារប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ក្នុងឆ្នាំសារពើពន្ធកន្លងទៅ ក្រុមហ៊ុន Daikin Industries បានរកប្រាក់ចំណេញរហូតដល់ ៥.៩ ពាន់លានបាត។ ក្រុមហ៊ុនបានអះអាងថា ការផ្អាកប្រតិបត្តិការនេះគឺជាសកម្មភាពដែលត្រូវបានអនុញ្ញាតក្រោមច្បាប់ការងាររបស់ប្រទេសថៃ នៅពេលដែលការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងបាន។
