ការផ្លាស់ប្តូររដ្ឋាភិបាលថៃពីគណបក្សភឿថៃទៅគណបក្សភូមិចៃថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអានុទីន ឆានវីរៈគុល កំពុងបង្កឱ្យមានភាពយឺតយ៉ាវក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ។

ប្រទេសថៃដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមចំនួន៦លើកកន្លងមក កំពុងប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរក្នុងការរៀបចំព្រឹត្តិការណ៍ឆ្នាំ២០២៥នេះ។ វិបត្តិនយោបាយដែលធ្វើឱ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីរហូតដល់៣រូបក្នុងរយៈពេលមិនដល់៣ឆ្នាំ បានប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការត្រៀមរៀបចំ។
លោក Ruangrith Suntisuk នាយកផ្នែកសិល្បៈសម្រាប់ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម បានលាតត្រដាងពីការដួលរលំនៃផែនការបើកនិងបិទការប្រកួត ដែលគាត់និងក្រុមបានចំណាយពេលអភិវឌ្ឍន៍អស់៧ខែ។ ក្រុមថ្មីដែលចូលកាន់តំណែងនៅពាក់កណ្តាលខែតុលាប៉ុណ្ណោះ បានធ្វើឱ្យគម្រោងនេះត្រូវផ្អាក។

“យើងបានវិនិយោគថវិកាផ្ទាល់ខ្លួន និងពេលវេលាជាច្រើនខែ ប៉ុន្តែត្រឹមខែកក្កដា បញ្ហាថវិកាក៏កើតមានឡើង ហើយបញ្ហាសន្តិសុខបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងពីកីឡដ្ឋាន Sanam Luang ទៅកីឡដ្ឋាន Rajamangala” លោកបានបញ្ជាក់។
ក្រោយពីការផ្លាស់ប្តូររដ្ឋាភិបាលក្នុងខែកញ្ញា ក្រុមការងារបានប្រឈមនឹងការយឺតយ៉ាវក្នុងការទទួលបានការអនុម័ត និងពិបាកក្នុងការទទួលបានចម្លើយច្បាស់លាស់ពីអាជ្ញាធររបស់រដ្ឋាភិបាលថ្មី។ នៅដើមខែតុលា ក្រុមកីឡាស៊ីហ្គេមថ្មីបានមកដល់ ហើយបន្ទាប់ពីរង់ចាំពីរសប្តាហ៍ដោយគ្មានការបញ្ជាក់ ក្រុមការងារត្រូវបញ្ឈប់ការងារ។

ស៊ីហ្គេមលើកទី៣ៃនឹងចាប់ផ្តើមពីថ្ងៃទី៩ដល់ទី២០ខែធ្នូ ដោយថៃនឹងបញ្ជួនអត្តពលិកចូលរួមជាង១៥០០នាក់។ ការប្រកួតដែលគ្រោងរៀបចំនៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ត្រូវផ្លាស់ប្តូរទីតាំងខ្លះដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លា។
លោក Ruangrith Suntisuk បានសម្តែងការខកចិត្តចំពោះការខកខានឱកាសបង្កើតអ្វីដែលមានអត្ថន័យ ប៉ុន្តែនៅតែប្តេជ្ញាចិត្តក្នុងការប្រជែងនឹងប្រព័ន្ធដែលរារាំងការច្នៃប្រឌិត និងវឌ្ឍនភាព។
