ភ្នំពេញ៖ កម្ពុជាបានធ្វើជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងសហប្រតិបត្តិការឌីជីថល ដោយបានចុះអនុស្សរណៈចំនួន ៥ ជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងឱកាសពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការទាំងនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនប្រសិទ្ធភាពសេវាសាធារណៈតាមរយៈបច្ចេកវិទ្យាទំនើប។
អនុស្សរណៈទាំង ៥ រួមមាន៖
- កិច្ចសហប្រតិបត្តិការជាមួយអាស៊ែបៃហ្សង់ សម្រាប់ការផ្តល់សេវាពហុបណ្តាញសាធារណៈ
- កិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយកាហ្សាក់ស្ថាន
- កិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ UN-ESCAP

- ការផ្តល់ជំនួយឥតសំណង FEXTE ពីបារាំង សម្រាប់ការអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រឌីជីថល
- កិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ ជាមួយក្រុមហ៊ុនអង់គ្លេស
អនុស្សរណៈទាំងនេះ នឹងជួយពង្រឹងសមត្ថភាពរដ្ឋាភិបាលឌីជីថលកម្ពុជា និងលើកកម្ពស់បទពិសោធន៍ផ្តល់សេវាសាធារណៈតាមអនឡាញ ដែលនឹងធ្វើឱ្យពលរដ្ឋទទួលបានសេវាកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលកាន់តែខ្លាំងឡើង។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការចុះហត្ថលេខាក្នុងឱកាសពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានទាក់ទាញអ្នកចូលរួមជាច្រើនពីផ្នែកឯកជន និងសាធារណៈ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាទំនើប។
