ខេត្តកំពង់ធំ៖ កងកម្លាំងចម្រុះដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយកម្ទេចឡធ្យូងខុសច្បាប់ចំនួន៥ឡ នៅឃុំមានឫទ្ធិ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពនេះធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ កងកម្លាំងអន្តរាគមន៍រួមមានបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អាជ្ញាធរដែនដី និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ក្រុមជនល្មើសបានលួចកាប់ឈើចម្រុះដើម្បីដុតធ្វើធ្យូងជាអាជីវកម្មខុសច្បាប់។ ទោះបីសមត្ថកិច្ចជំនាញបានធ្វើការណែនាំ និងមានកិច្ចសន្យារួចហើយក៏ដោយ ក្រុមជនល្មើសនៅតែបំពានធ្វើសកម្មភាពដោយខុសច្បាប់។

សកម្មភាពកាប់ឈើទាំងតូចទាំងធំដុតធ្វើធ្យូងលក់ក្នុងព្រៃអភិរក្ស បានកើតមានយ៉ាងអនាធិបតេយ្យ។ កូនឈើប្រណីតដូចជា ផ្ចឹក សុក្រំ បេង ចំបក់ ឈើទាល និងនាងនួន ដែលមានទំហំចាប់ពី១តឹកឡើងទៅ ត្រូវបានគេកាប់ដុតធ្វើធ្យូងដោយគ្មានការទប់ស្កាត់។

ការឆកល្វែងឱ្យមានអាជីវកម្មឡធ្យូងរាប់រយកន្លែងក្នុងព្រៃបែបនេះ នាំឱ្យវិនាសហិនហោចព្រៃឈើដែលនៅសេសសល់ចុងក្រោយ។ បើអាជ្ញាធរមិនទប់ស្កាត់អាជីវកម្មកាប់ឈើដុតធ្វើធ្យូងក្នុងព្រៃនេះទេ នោះកូនឈើប្រណីតនឹងប្រឈមការបាត់បង់ទាំងស្រុងនៅពេលអនាគត។

មន្ត្រីក្រសួងបរិស្ថានបានអះអាងថា ក្រុមពលរដ្ឋពុំមានសិទ្ធិធ្វើអាជីវកម្មឡធ្យូងនៅក្នុងព្រៃការពារធម្មជាតិនោះទេ ព្រោះវាប៉ះពាល់ដល់តំបន់អភិរក្ស និងកូនឈើតូចៗ។

អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវអាជីវកម្មឡដុតធ្យូងខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើ និងថែរក្សាព្រៃឈើដែលនៅសល់ជាធនធានធម្មជាតិរបស់ប្រទេសជាតិ។

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ ស្រីណា
