ចាប់ខ្លួនបណ្តាញឆបោកអនឡាញ ៩នាក់នៅឫស្សីកែវ រឹបអូសឧបករណ៍បច្ចេកវិទ្យារាប់ដប់

ចាប់ខ្លួនបណ្តាញឆបោកអនឡាញ ៩នាក់នៅឫស្សីកែវ រឹបអូសឧបករណ៍បច្ចេកវិទ្យារាប់ដប់

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ នៅផ្ទះលេខ១៤ ផ្លូវលេខ១៣ ក្នុងបុរីពិភពថ្មី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥។

ឧបករណ៍បច្ចេកវិទ្យាដែលត្រូវបានរឹបអូស

ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ រួមជាមួយមន្ត្រីជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានចាប់ខ្លួនក្រោយពីពួកគេលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះ និងក្លែងបន្លំឯកសារអត្តសញ្ញាណដើម្បីឆបោកតាមប្រព័ន្ធអនឡាញទៅកាន់ប្រទេសផ្សេងៗ។

ឯកសារក្លែងបន្លំដែលត្រូវបានរឹបអូស

ក្នុងចំណោមជនសង្ស័យទាំង ៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៧នាក់ (ស្ត្រី ២នាក់) និងជនជាតិខ្មែរចំនួន ២នាក់ ដែលធ្វើជាអ្នកបើកបររថយន្ត។ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងជាច្រើន រួមមាន៖

• កុំព្យូទ័រយួរដៃ ៦គ្រឿង
• កុំព្យូទ័រ All in one ៤គ្រឿង
• ម៉ូនីទ័រ ៦គ្រឿង
• iPad ៨គ្រឿង
• ឯកសារក្លែងបន្លំដែលមានត្រារបស់ស្ថាប័នពន្ធដារកូរ៉េ
• រូបភាពអីវ៉ាន់ផ្សេងៗ
• រូបភាពបង្កើតបណ្ណសម្គាល់ក្លែងក្លាយ
• ខ្លឹមសារអត្ថបទ (script) សម្រាប់និយាយឆ្លើយឆ្លងជាមួយភ្ញៀវ

សម្ភារៈបច្ចេកវិទ្យាដែលត្រូវបានរឹបអូស

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសហការជាមួយភាគីពាក់ព័ន្ធក្នុងការស្រាវជ្រាវបន្ថែម ដើម្បីវែកមុខនិងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃបណ្តាញឆបោកនេះ។ ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈទីតាំងដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសត្រូវបានបិទបណ្តោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ ដោយគ្មានការលើកលែងឡើយ។

administrator

Related Articles