រថយន្តទ្រុងដឹកទំនិញបុករះយានយន្តបន្តបន្ទាប់ របួសធ្ងន់៣នាក់ នៅមហាវិថីឈ្នះ-ឈ្នះ

រថយន្តទ្រុងដឹកទំនិញបុករះយានយន្តបន្តបន្ទាប់ របួសធ្ងន់៣នាក់ នៅមហាវិថីឈ្នះ-ឈ្នះ

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើមហាវិថីឈ្នះ-ឈ្នះ នៅពេលរថយន្តទ្រុងឃ្លុបមួយគ្រឿងបានបុករះយានយន្តចំនួន៣គ្រឿងជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់៣នាក់ និងរបួសស្រាល១នាក់។

រថយន្តទ្រុងដឹកទំនិញបុករះយានយន្ត

ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង១១ព្រឹក ត្រង់ចំណុចផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត មុខវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កគឺរថយន្តទ្រុងឃ្លុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លេខផ្ទាំងព្រះសីហនុ 3A-6226 ដែលកំពុងដឹកទំនិញចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(កំបូល) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។

កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

យោងតាមសមត្ថកិច្ច រថយន្តទ្រុងឃ្លុបបានជ្រុលទៅបុកពីក្រោយម៉ូតូកង់បីម៉ាក BAJAJ MAXIMA លេខភ្នំពេញ 1HV-1239 បណ្តាលឱ្យអ្នកបើកបររងរបួសស្រាល។ បន្ទាប់មកបានបន្តជ្រុលទៅបុកពីក្រោយរថយន្តធុនធំមួយគ្រឿង ដែលដាច់សន្ទះគូទក្រោយ ហើយបន្តដំណើរទៅមុខបាត់ស្រមោល។

ចុងក្រោយ រថយន្តទ្រុងឃ្លុបបានជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉ករថយន្តម៉ាក STERLING ពណ៍បៃតង លេខភ្នំពេញ 3C-3320 ដែលកំពុងឈប់ចតស្ងៀម បណ្តាលឱ្យគាបជាប់ និងខ្ទេចកាប៊ីន។

រថយន្តខ្ទេចកាប៊ីនបន្ទាប់ពីបុករះ

អ្នកបើកបររថយន្តទ្រុងឃ្លុប រួមជាមួយព្រូ២នាក់ទៀត បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ដឹកយកទៅកាន់មន្ទីរពេទ្យ។ អ្នកបើកបរបានប្រាប់ថា ការបុករះនេះបណ្តាលមកពីរថយន្តដាច់ហ្វ្រាំង។

សមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុ

បន្ទាប់ពីកើតហេតុ នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្ក ព្រមទាំងរថយន្តកុងតឺន័រ និងម៉ូតូកង់បី ទៅរក្សាទុករង់ចាំការដោះស្រាយ។

អត្ថបទសរសេរដោយ យន់ ស៊ីថា | កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles