ខេត្តបាត់ដំបង៖ មុខសញ្ញាក្រុមចោរប្លន់ម្នាក់ ដែលមានសំណាងរត់រួចផុតពីកណ្ដាប់ដៃកម្លាំងកងរាជអាវុធហត្ថកាលពីប៉ុន្មានសប្ដាហ៍មុន បានរត់ចូលអន្ទាក់កងរាជអាវុធហត្ថដោយខ្លួនឯងនៅម៉ោងប្រហែល០៨ព្រឹកថ្ងៃទី០៦ធ្នូ។

ព្រឹត្តិការណ៍នេះកើតឡើងនៅម្ដុំអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ការិយាល័យជុះនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ថែម។
លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានផ្ដល់ព័ត៌មានថា ជនសង្ស័យដែលឃាត់ខ្លួនព្រឹកមិញនេះ ជាមុខសញ្ញាក្រុមចោរប្លន់ម៉ូតូ។ ក្រុមនេះមានបក្សពួកច្រើននាក់ ធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូគេច្រើនករណីហើយ។
ក្នុងអំឡុងខែវិច្ឆិកាកន្លងទៅនេះ ក្រុមនេះបានធ្វើសកម្មភាពប្លន់យកម៉ូតូគេនៅក្នុងព្រះលានយន្តហោះបែកចាន ក្នុងក្រុងបាត់ដំបង ហើយត្រូវកម្លាំងជំនាញតាមចាប់ខ្លួនបានប៉ុន្មាននាក់រួចហើយ នៅសល់ម្នាក់នេះរត់រួច។
លោក សូ ឌី បានបញ្ជាក់ថា ក្រោយរត់គេចខ្លួន កម្លាំងជំនាញបានតាមដានសកម្មភាពមុខសញ្ញាចោរប្លន់ម្នាក់នេះជាប់រហូត។ កាលព្រឹកថ្ងៃទី០៦ធ្នូនេះ ជននេះបានបង្ហាញមុខនៅក្នុងបរិវេណអនុវិទ្យាល័យសោហឺ ទើបកម្លាំងជំនាញពង្រាយអន្ទាក់ចាប់តែម្ដង។
បើតាមការស្រាវជ្រាវ ក្រុមនេះបានធ្វើសកម្មភាពប្លន់ម៉ូតូជាច្រើនករណីហើយ ហើយកម្លាំងជំនាញក៏ឃាត់ខ្លួនក្រុមជនសង្ស័យនេះជាបន្តបន្ទាប់បានច្រើននាក់ហើយដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីស្រាវជ្រាវរកបទល្មើសដែលពួកគេបានប្រព្រឹត្ត និងតាមចាប់បក្សពួកបន្តទៀតដែលកំពុងគេចខ្លួន។
