រាជធានីភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ដែលតំណាងឱ្យកម្មករប្រមាណ ៧០,០០០ នាក់ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ក្នុងវិស័យផលិតកម្ម សូមទាក់ទងឬប្តឹងទៅក្រសួងការងារប្រសិនបើជួបបញ្ហានៅកន្លែងធ្វើការ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានសហភាពបានលើកឡើងថា កម្មករនិយោជិតអាចធ្វើការប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈផ្លូវការជាច្រើន រួមមាន៖
- បណ្តឹងអនាមិកតាមអនឡាញ
- លេខទូរសព្ទ Hotline ១២៩៧
- ទាក់ទងទៅលេខអ្នកនាំពាក្យក្រសួងការងារ
- បណ្តាញសង្គមក្រសួងការងារ
- QR Code សម្រាប់បណ្តឹង
លោកសំ សឿនថ្លែងថា៖ «សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ប្រសិនបើមានបញ្ហាអ្វីមួយនៅន្លែងការងារ សូមទាក់ទងឬប្តឹងមកក្រសួងការងារ។ ក្រសួងការងារនឹងមានការអន្តរាគមន៍ដោះស្រាយជូនបងប្អូនយ៉ាងមានប្រសិទ្ធភាព»។

សហភាពពលកម្មជាតិកម្ពុជាបានអំពាវនាវជាពិសេសដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលជាវិស័យដែលត្រូវបានគេសង្កេតឃើញថាមានបញ្ហាជាច្រើនទាក់ទងនឹងការប្រើប្រាស់ភាសាមិនសមរម្យ និងលក្ខខណ្ឌការងារ។
ក្រសួងការងារបានបង្កើតប្រព័ន្ធទទួលបណ្តឹងដែលអាចទាក់ទងបានគ្រប់ពេលវេលា ដើម្បីធានាថាបញ្ហានីមួយៗត្រូវបានដោះស្រាយយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព។
