ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចតាមបណ្តោយព្រំដែន បានបណ្តាលឲ្យគ្រាប់បេទំហំ៨១មិល្លិម៉ែត្រមួយគ្រាប់ធ្លាក់ចូលក្នុងទឹកដីថៃ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។

យោងតាមទីភ្នាក់ងារព័ត៌មានថៃ MCOT និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកស្រុក Mae Sot បានរាយការណ៍ពីការបាញ់ប្រហារ និងការផ្ទុះជាបន្តបន្ទាប់ពីខាងមីយ៉ាន់ម៉ា ក្បែរភូមិ Ban Millapa។ នៅម៉ោងប្រហែល១១និង៥០ព្រឹក គ្រាប់បេមួយគ្រាប់បានធ្លាក់នៅជិតវត្ត Huai Mahawong ក្នុងភូមិ Moo 9 ឃុំ Mahawan ដែលបណ្តាលឲ្យមានការផ្ទុះយ៉ាងខ្លាំង។
កងទ័ពមកពីកម្លាំងពិសេស Naresuan បានឆ្លើយតបបន្ទាប់ពីអ្នកភូមិបានរាយការណ៍ពីជនរងគ្រោះ។ បុរសម្នាក់វ័យ៦៨ឆ្នាំ បានរងរបួសធ្ងន់ ដោយសារត្រូវបំណែកគ្រាប់នៅក្រោមពោះ ខណៈកំពុងដើរតាមផ្លូវក្នុងភូមិ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ Mae Sot។

លោក Narongchai Senathikan ប្រធានប្រតិបត្តិការនៃកម្លាំងពិសេស Naresuan បាននិយាយថា ទាហានថៃបានបាញ់ឆ្លើយតបដោយគ្រាប់ពិតចំនួនពីរគ្រាប់ និងគ្រាប់ផ្សែងមួយគ្រាប់ ហើយបានព្រមានថា កងកម្លាំងថៃនឹងសងសឹក«ភ្លាមៗ និងខ្លាំងក្លា» បើមានគ្រាប់កាំភ្លើងធំបន្ថែមទៀតឆ្លងព្រំដែន។
លោកបានអះអាងថា ប្រទេសថៃមិនមានបំណងក្លាយជាភាគីនៃជម្លោះនោះទេ ហើយជឿជាក់ថា ឧប្បត្តិហេតុនេះអាចជាការប៉ុនប៉ងដើម្បីបង្កហេតុឲ្យមានការឆ្លើយតបពីក្រុមប្រយុទ្ធនៅខាងក្នុងប្រទេសមីយ៉ាន់ម៉ា។

