ហូជីមិញ៖ ហេតុការណ៍ភ្លើងឆេះដ៏គួរឱ្យសោកស្តាយមួយបានកើតឡើងនៅភោជនីយដ្ឋានមួយក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្សចំនួន៤នាក់បាត់បង់ជីវិត រួមទាំងកុមារអាយុ២ឆ្នាំ និង៧ឆ្នាំ។

គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី៥ ខែធ្នូ នៅអគារមានកម្ពស់៤ជាន់មួយ ដែលជាភោជនីយដ្ឋានដ៏ពេញនិយម។ បណ្តាជនរងគ្រោះទាំង៤នាក់រួមមានកុមារអាយុ២ឆ្នាំម្នាក់ កុមារអាយុ៧ឆ្នាំម្នាក់ ស្ត្រីអាយុ៣០ឆ្នាំម្នាក់ និងស្ត្រីអាយុ៤៥ឆ្នាំម្នាក់។ ពួកគាត់ទាំងអស់បានស្លាប់ដោយសារឈ្លក់ផ្សែងពីអគ្គីភ័យ។
អាជ្ញាធរវៀតណាមបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ៥គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យ៥០នាក់ទៅកាន់កន្លែងកើតហេតុ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្តី ក៏ពួកគេមិនអាចសង្គ្រោះជីវិតជនរងគ្រោះទាំងនោះបានឡើយ។
រហូតមកដល់ពេលនេះ អាជ្ញាធរនៅតែស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃអគ្គីភ័យ និងអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់នេះ។ ការសោកស្តាយដ៏ធ្ងន់ធ្ងរបានគ្របដណ្តប់លើសហគមន៍មូលដ្ឋាន ជាពិសេសគ្រួសារជនរងគ្រោះទាំង៤នាក់។
