ស៉ីដនី៖ ស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី កំពុងធ្ងន់ធ្ងរឡើងដោយបានរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា ដែលបង្ខំឲ្យអាជ្ញាធរត្រូវចេញប្រកាសណែនាំឲ្យប្រជាជនជម្លៀសខ្លួនយ៉ាងអាសន្ន។

នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅអូស្ត្រាលី កំពុងប្រឈមមុខនឹងគ្រោះអគ្គីភ័យយ៉ាងធ្ងន់ធ្ងរ។
ការប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ Phegans Bay និង Woy Woy នៃឆ្នេរសមុទ្រភាគកណ្តាលរបស់រដ្ឋ ដែលមានប្រជាជនច្រើនជាង ៣៥០,០០០នាក់ ដែលស្ថិតនៅចម្ងាយប្រហែល ៤៥គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីស៉ីដនី។

បើតាមអាជ្ញាធរ មានភ្លើងឆេះព្រៃជាង ៥០កន្លែងទូទាំងរដ្ឋ គិតត្រឹមល្ងាចថ្ងៃសៅរ៍ រួមទាំងនៅតំបន់ Upper Hunter ដែលស្ថិតក្រោមកម្រិតអាសន្នខ្ពស់បំផុត។ ភ្លើងបានឆេះអស់ជិត ១០,០០០ហិកតា និងបានបំផ្លាញផ្ទះចំនួន ១៦ខ្នង តាមការរាយការណ៍របស់សារព័ត៌មាន Australian Broadcasting Corp។
ការិយាល័យឧតុនិយមបានជូនដំណឹងថា រលកកំដៅនាថ្ងៃសៅរ៍ក្នុងរដ្ឋ New South Wales ដែលមានសីតុណ្ហភាពឡើងដល់ ៤២អង្សាសេ បានធ្វើឲ្យកាន់តែបង្កើនហានិភ័យនៃគ្រោះអគ្គីភ័យ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានអំពាវនាំឲ្យពលរដ្ឋជួយគ្នាទៅវិញទៅមក និងស្តាប់តាមការណែនាំរបស់អាជ្ញាធរដើម្បីសុវត្ថិភាព។ ការជម្លៀសប្រជាជនកំពុងត្រូវបានអនុវត្តយ៉ាងអាសន្ន ខណៈដែលកងកម្លាំងបញ្ចុះភ្លើងបន្តប្រយុទ្ធដើម្បីគ្រប់គ្រងស្ថានភាព។
ផ្ដល់សិទ្ធិដោយ៖ Freshnews
