
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារបំភ្លឺយ៉ាងខ្លាំងក្លាទៅកាន់ពលរដ្ឋថៃដែលរិះគន់កម្ពុជា ដោយបដិសេធយ៉ាងច្បាស់ថា កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ឡើយ។
សម្តេចតេជោបានធ្វើការឆ្លើយតបបន្ទាប់ពីមានជនជាតិថៃមួយចំនួនចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេម និងមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។

«និយាយពីការចំណាយសម្រាប់ការប្រកួត យើងមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន» នេះជាពាក្យសំដីរបស់សម្តេចតេជោដែលបានគូសបញ្ជាក់យ៉ាងច្បាស់។
សម្តេចបានពន្យល់ថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានមរតកតេជោត្រូវបានសាងសង់ក្រោមជំនួយចិនក៏ដោយ ក៏ការចំណាយលើស៊ីហ្គេមទាំងមូលគឺមកពីថវិកាជាតិសុទ្ធសាធ។

តាមការបកស្រាយរបស់សម្តេច កម្ពុជាបានសន្សំថវិកាសម្រាប់ស៊ីហ្គេមចាប់តាំងពីឆ្នាំ២០១៨ ដោយសន្សំបានប្រមាណ ២០០លានដុល្លារ។ ការចំណាយជាក់ស្តែងលើស៊ីហ្គេមគឺត្រឹម ១១៨លានដុល្លារ និង ១៣០លានដុល្លារសរុបទាំងអាស៊ានប៉ារ៉ាហ្គេម។
សម្តេចតេជោបានសម្តែងការហួសចិត្តចំពោះការមើលងាយរបស់ជនជាតិថៃមួយចំនួន ដែលហៅកម្ពុជាថា «ប្រទេសអ្នកក្រ ដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស»។

«កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ» សម្តេចតេជោបានបញ្ជាក់យ៉ាងមោទនៈ។
នៅចុងសារ សម្តេចបានស្នើឱ្យជនជាតិថៃដកពាក្យសម្តីវិញ និងជូនពរឱ្យប្រទេសថៃរៀបចំស៊ីហ្គេមឆ្នាំ២០២៥បានល្អ ជាជាងការមកគិតរឿងឈ្នះចាញ់ជាមួយកម្ពុជា។
