(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបជាផ្លូវការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ធ្នូ ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គមេបញ្ជាការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កម្ពុជាក្នុងការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកឧត្តមបានបញ្ជាក់ថា៖ “ជីវិត និងសន្តិភាព ពិតជាមានតម្លៃណាស់”។
សម្ដេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ (២៨ កក្កដា ២០២៥) និងសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ (២៦ តុលា ២០២៥)។

សម្ដេចបានជម្រាបជូនអំពីស្ថានភាពបញ្ហាព្រំដែន និងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ចំណែកឯកឧត្តមអគ្គមេបញ្ជាការបានប្ដេជ្ញាធានាការខិតខំចូលរួមសម្របសម្រួល និងធានាការអនុវត្តតាមបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ។
ប្រភព៖ ក្រសួងព័ត៌មាន
