
(សៀមរាប)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ បានប្រារព្ធឡើងដោយជោគជ័យនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយទាក់ទាញអត្តពលិកចូលរួមជាង១៦,០០០នាក់ កើនឡើង២៥ភាគរយធៀបនឹងឆ្នាំ២០២៤។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ។ “យើងមកពីប្រទេសផ្សេងគ្នា ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡា និងភាសាមិត្តភាព” ជាពាក្យសំដីរបស់ឯកឧត្តម។

ក្នុងចំណោមអត្តពលិក១៦,០០០នាក់ មានអត្តពលិកជាតិចំនួន១២,៦៣៨នាក់ និងអត្តពលិកអន្តរជាតិចំនួន៣,៣៦២នាក់ មកពី៨៦ប្រទេស។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពសប្បុរសធម៌ដើម្បីជួយជនរងគ្រោះដោយសារគ្រាប់មីនផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ “ការដែលយើងអាចមកជួបជុំគ្នារត់ប្រណាំងនៅមុខប្រាសាទបុរាណដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពពេញលេញ។ កីឡានាំឱ្យយើងមកជួបជុំគ្នា ប៉ុន្តែសន្តិភាពជាកត្តាដែលអនុញ្ញាតឱ្យយើងធ្វើដូច្នោះបាន។”

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ដែលបានធ្វើឱ្យប្រជាប្រិយភាពរបស់ព្រឹត្តិការណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អត្តពលិកទាំងអស់បានទទួលអារម្មណ៍រីករាយជាមួយប្រាសាទបុរាណ និងទទួលយកថាមពលពីធម្មជាតិដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន
