ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីទឡ្ហីករណ៍ថ្មីមួយទៀតនៃការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមត្ថកិច្ចកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះដែលរួមមានផែនការងារសន្តិសុខ ផែនការងារអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលឫស្សីកែវ បានចុះបង្ក្រាបទីតាំងសង្ស័យអំពើឆបោកតាមអនឡាញ (Online Scams) នៅក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិកូរ៉េចំនួន៧នាក់ (ស្រី២នាក់) និងជនជាតិខ្មែរចំនួន២នាក់ (អ្នកបើកបររថយន្ត)។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រយួរដៃ Laptop ចំនួន៦គ្រឿង កុំព្យូទ័រ All in one ចំនួន៤គ្រឿង ម៉ូនីទ័រចំនួន៦គ្រឿង និង iPad ចំនួន៨គ្រឿង។

លោកអភិសន្តិបណ្ឌិត ស សុខា បានពន្យល់ថា អំពើឆបោកតាមអនឡាញគឺជាបទល្មើសថ្មីមួយដែលមានភាពស្មុគស្មាញ មានអង្គការចាត់តាំង និងធ្វើសកម្មភាពពីទីតាំងជាច្រើនពាសពេញពិភពលោក។ ការងារនេះទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្ដូរព័ត៌មានជាមួយបណ្ដាប្រទេសដៃគូ។

“រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសអំពើឆបោកតាមអនឡាញ” លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងកោសល្យវិច័យបឋមឧបករណ៍ទាំងនោះ ដើម្បីស្វែងរកភស្តុតាងបទល្មើស។ កិច្ចប្រតិបត្តិការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងបទល្មើសអនឡាញរបស់កម្ពុជា ដែលធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា កម្ពុជាបន្តពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដើម្បីការពារប្រជាពលរដ្ឋក្នុងប្រទេស និងជួយសង្គ្រោះជនរងគ្រោះពីអំពើឆបោកទូទាំងពិភពលោក។

កិច្ចប្រតិបត្តិការនេះបង្ហាញពីសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញដែលកាន់តែមានភាពស្មុគស្មាញ និងអន្តរជាតិភាពកើនឡើង។

ដោយ៖ សិលា
