(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប្រកាសពីផែនការចុងក្រោយក្នុងការលុបបំបាត់លេខទូរស័ព្ទទាំងអស់ដែលប្រើឈ្មោះអ្នកដទៃ ដោយកំណត់រយៈពេល ៦ខែទៀត ដែលនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន”។
លោករដ្ឋមន្ត្រីបានពន្យល់ថា៖ «ស៊ីមកាតយើងមានអ្នកខ្លះប្រើតែឈ្មោះរបស់គេនោះទេ ពេលខ្លះលេខយើងប្រើ តែឈ្មោះអ្នកផ្សេង។ ក្រសួងកំពុងតែធ្វើការលុបបំបាត់បញ្ហានេះ ហើយប្រហែលជា ៦ខែទៀតអាចបញ្ចប់ហើយ។»

លោកបានបន្ថែមថា កាលពីមុនប្រតិបត្តិករទូរស័ព្ទដើម្បីទាក់ទាញអតិថិជន បានចែកចាយស៊ីមកាតដោយមិនតម្រូវឱ្យប្រើអត្តសញ្ញាណពិតប្រាកដ ដែលធ្វើឱ្យមានការទិញនិងប្រើស៊ីមកាតរាប់រយដោយប្រើអត្តសញ្ញាបណ្ណតែមួយ។

«នៅខែមិថុនា ឆ្នាំ២០២៦ អ្នកដែលប្រើស៊ីមកាតឈ្មោះគេ គឺលុបចោល លែងឱ្យមានលេខដែលកំពុងប្រើនោះ ដើម្បីប្រើទៀតហើយ។» លោកជា វ៉ាន់ដេតបានបញ្ជាក់យ៉ាងច្បាស់។

វេទិកានេះជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលគាំទ្រដល់ការអភិវឌ្ឍសង្គមឌីជីថលនៅកម្ពុជា។

ផ្ដល់សិទ្ធិដោយ៖ Freshnews
