ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ាកំពុងឆាបឆេះខ្លាំងឡើង ក្រោយយន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលបានវាយប្រហារលើហាងតែមួយកន្លែង ធ្វើឲ្យជនស៊ីវិល១៨នាក់ស្លាប់និងជាង២០នាក់ទៀតរបួស។

តាមការផ្សាយរបស់ Straits Times នៅថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់លើហាងតែក្នុងស្រុក Tabayin នៃតំបន់ Sagaing។ ការវាយប្រហារកើតឡើងនៅពេលហាងមានមនុស្សអ៊ូអរ បណ្តាលឲ្យមានជនរងគ្រោះច្រើន។
អ្នករួចផុតពីការវាយប្រហារបានបរិយាយថា ពួកគេបានក្រាបចុះភ្លាមនៅពេលឃើញយន្តហោះមកដល់។ ស្នូរផ្ទុះលាន់ទ្រហឹង ហើយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
របបសឹកមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបចំពោះឧប្បត្តិហេតុនេះឡើយ។ ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះដោយសង្រ្គាមស៊ីវិលចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១។

ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំងរដ្ឋប្រហារតែងនាំឲ្យមានការទម្លាក់គ្រាប់បែក ដែលជារឿយៗបណ្តាលឲ្យជនស៊ីវិលស្លាប់។ ក្នុងពេលជាមួយគ្នានេះ ប្រទេសថៃក៏កំពុងត្រៀមជម្លៀសពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជាប់មីយ៉ាន់ម៉ាដែរ។
អត្ថបទ៖ សុខ សុវណ្ណ
