(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងល្បីល្បាញ រហូតក្លាយជាពិធីបុណ្យដ៏ធំមួយ ពិសេសកំណើនអ្នកចូលរួមដ៏ច្រើន ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់ចូលរួម។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីលៀងសាយភោជន៍ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍នេះ នៅប្រាសាទក្រវ៉ាន់ ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៧ ខែធ្នូស្អែក នៅតំបន់អង្គរខេត្តសៀមរាប។

លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «រយៈពេល ៣០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ១៩៩៦ សមិទ្ធផលដ៏អស្ចារ្យ និងល្បីល្បាញនេះ ពិតជាបានកើតឡើងចេញពីការខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យព្រឹត្តិការណ៍កីឡាមហាជន និងកីឡាទេសចរណ៍មួយនេះ ក្លាយជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ ដែលមានទេសចរណ៍ជាតិ និងអន្ដរជាតិ មកពីគ្រប់ទិសទីលើពិភពលោក រាប់ម៉ឺននាក់ មកជួបជុំគ្នា រត់ប្រណាំង ដើម្បីកម្សាន្ដសប្បាយផង និងទស្សនាប្រាង្គប្រាសាទអង្គរ ដែលជាបេតិកភណ្ឌរូបីនៃមនុស្សជាតិផង»។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាព្រឹកថ្ងៃអាទិត្យស្អែកនេះ មានអត្តពលិកជាតិ-អន្ដរជាតិចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេសចុះឈ្មោះចូលរួម ដែលនឹងត្រូវរត់លើវិញ្ញាសា ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។

លោកថា នេះគឺជាកំណត់ត្រាអ្នករត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ។ ទន្ទឹមជាមួយគ្នា លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់អង្គការបេះដូងមាស របស់ជប៉ុន ដែលបានជួយដំណើរការរៀបចំនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។






ផ្ដល់សិទ្ធិដោយ៖ Freshnews
